ការចុះបញ្ជីចំណែកឯកជននៃអគារសហកម្មសិទ្ធិចាស់ៗ

Author: Vith Viyuth

Published: 2024-08-14

Categories: Buying, Cambodia News, Property Market news

សវតានៃអគារសហកម្មសិទ្ធិ

ការរីកចម្រើននៃវិស័យអចលនទ្រព្យនៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាពិសេសទីក្រុងភ្នំពេញ ជាចលករជំរុញដល់វិនិយោគិនចាប់អារម្មណ៍ក្នុងការវិនិយោគលើអចលនទ្រព្យ។ វិនិយោគិន ឬអភិវឌ្ឍករបាននិងកំពុងបោះទុនវិនិយោគលើការសាងសង់អគារសហកម្មសិទ្ធិ ជាអាទិ៍ ខុនដូ និង/ឬអាផាតមិន។ ការអភិវឌ្ឍអគារសហកម្មសិទ្ធិដូចបានរៀបរាប់នេះ គឺចាប់ផ្តើមរីកស្គុះស្គាយបន្ទាប់ពីការចូលជាធរមាននៃច្បាប់ស្តីពីការផ្តល់សិទ្ធិលើចំណែកឯកជននៃអគារសហកម្មសិទ្ធិដល់ជនបរទេស ដែលត្រូវបានអនុម័តកាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១០។

ពាក្យថា អគារសហកម្មសិទ្ធិ សំដៅដល់អគារឬសំណង់ដែលមានកម្មសិទ្ធិករច្រើននាក់រស់នៅ។ អគារសហកម្មសិទ្ធិមានចំណែកខ្លះជាកម្មសិទ្ធិផ្តាច់មុខរបស់សហកម្មសិទ្ធិករនីមួយៗហៅថាចំណែកឯកជន និងមានចំណែកខ្លះជាលំហរួមសម្រាប់ការប្រើប្រាស់រួមរបស់សហកម្មសិទ្ធិករទាំងអស់ហៅថាចំណែករួម។ ប្រភេទនៃសហកម្មសិទ្ធិទាំងនោះ មានជាអាទិ៍ ភូមិគ្រឹះ ពាក់កណ្តាលភូមិគ្រឹះ ផ្ទះល្វែង ដែលមានច្រើនល្វែង និងច្រើនជាន់ជាប់ៗគ្នា ខុនដូ ប្រភេទផ្ទះផ្សេងទៀតដែលមានរចនាសម្ព័ន្ធជាប់គ្នា ប្រការ៣ នៃប្រកាសលេខ០៥០ ស្តីពីការចុះបញ្ជីចំណែកឯកជននៃអគារសហកម្មសិទ្ធិដែលត្រូវបានសាងសង់រួចមុនថ្ងៃទី១៩ ខែធ្នូ ឆ្នាំ១៩៩៧)។

កម្មសិទ្ធិករនៃចំណែកឯកជននៃអគារសហកម្មសិទ្ធិមានសិទ្ធិប្រើប្រាស់ សិទ្ធិអាស្រ័យផល និងសិទ្ធិចាត់ចែង ចំណែកឯកជនរបស់ខ្លួនដោយសេរីនៅក្នុងទំហំច្បាប់បានកម្រិត (ផ្អែកតាមស្មារតីនៃមាត្រា១៣៨ នៃក្រមរដ្ឋប្បវេណី២០០៧)។

ទាំងប្រជាជនខែ្មរនិងជនបរទេស បានងាកមកចាប់អារម្មណ៍រស់នៅក្នុងអគារសហកម្មសិទ្ធិ ដោយហេតុថា ជាទូទៅអគារសហកម្មសិទ្ធិត្រូវបានសាងសង់ឡើងនៅទីប្រជុំជន ឬកណ្តាលទីក្រុង ដែលបង្កភាពងាយស្រួលក្នុងការធ្វើដំណើរ ប្រកបការងារ ប្រកបអាជីវកម្ម សកម្មភាពប្រចាំថ្ងៃ និងកំសាន្ត។ បើយើងសង្កេតមើលអគារសហកម្មសិទ្ធិនៅទីក្រុងភ្នំពេញ យើងសង្កេតឃើញថាអគារសហកម្មសិទ្ធិថ្មីៗ(ខុនដូ ឬអាផាតមិន) ពុំមានលក្ខណៈពិបាកក្នុងការគ្រប់គ្រងនោះទេ ដោយហេតុថាអាគារទាំងនោះត្រូវបានចុះបញ្ជីរួចជាស្រេចដោយក្រសួងដែលកត្តានេះអនុញ្ញាតឱ្យកម្មសិទ្ធិករទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់ចំណែកឯកជននៃអគារសហកម្មសិទ្ធិ (ប្លង់រឹង)។ ដោយឡែក អគារសហកម្មសិទ្ធិចាស់ៗមួយចំនួនដែលបាននិងកំពុងឈរនៅកណ្តាលទីក្រុង ជាអាទិ៍តំបន់ផ្សារអូរឬស្សី ផ្សារថ្មី ផ្សារតាប៉ាង បណ្តោយផ្លូវព្រះមុន្នីវង្ស និងតំបន់ផ្សេងៗទៀតពុំទាន់ត្រូវបានចុះបញ្ជីនៅឡើយទេ (ពុំទាន់មានប្លង់រឹង)។

គួរទាញចំណាប់អារម្មណ៍ផងដែរថា កន្លងមកនេះអាជ្ញាធរមិនបានចុះបញ្ជីអគារសហកម្មសិទ្ធិចាស់ៗ នៅក្នុងនីតិវិធីការចុះបញ្ជីដីធ្លីមានជាលក្ខណៈជាប្រព័ន្ធ ការចុះបញ្ជីដាច់ដោយដុំ និងការចុះបញ្ជីបំពេញបន្ថែម នោះទេ ដូចនេះម្ចាស់ចំណែកឯកជននៃអគារសហកម្មសិទ្ធិចាស់ៗ ពុំមានប្លង់រឹង ដែលអាចធានាសុវត្ថិភាពគតិយុត្តបានពេញលេញនោះឡើយ។ ដូចនេះម្ចាស់ចំណែកឯកជននៃអគារសហកម្មសិទ្ធិចាស់ៗ មានត្រឹមប្លង់ទន់ (កិច្ចសន្យាលក់-ទិញ ឬសិទ្ធិកាន់កាប់ ជាអាទិ៍)។

បច្ចុប្បន្នភាពនៃការគ្រប់គ្រងអគារសហកម្មសិទ្ធិចាស់ៗ

ថ្មីៗនេះក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់ចេញនូវប្រកាសលេខ ០៥០ ស្តីពីបែបបទនិងនីតិវិធីនៃការចុះបញ្ជីចំណែកឯកជននៃអគារសហកម្មសិទ្ធិដែលត្រូវបានសាងសង់រួចមុនថ្ងៃទី១៩ ខែធ្នូ ឆ្នាំ១៩៩៧។ ការដាក់ចេញនូវលិខិតបទដ្ឋានគតិយុត្តមួយនេះ ជាការបង្ហាញអំពីការយកចិត្តទុកដាក់ក្នុងការគ្រប់គ្រង និងផ្តល់នូវសុវត្ថិភាពគតិយុត្តចំពោះម្ចាស់នៃចំណែកឯកជននៃអគារសហកម្មសិទ្ធិចាស់ៗឱ្យមានលក្ខណៈល្អប្រសើរ និងបង្ការនូវរាល់វិវាទ ដោយប្រកាសខាងលើ មានគោលបំណងដើម្បីធានាការពារសិទ្ធិកម្មសិទ្ធិស្របច្បាប់របស់អ្នកកាន់កាប់ចំណែកឯកជននៃអគារសហកម្មសិទ្ធិ ដែលមានវិសាលភាពអនុវត្តចំពោះអគារសហកម្មសិទ្ធិទាំងអស់ដែលត្រូវបានសាងសង់រួចមុនថ្ងៃទី១៩ ខែធ្នូ ឆ្នាំ១៩៩៧។

អាន៖ Cambodian Property Titles: Everything You Need to Know – IPS Cambodia Real Estate (ips-cambodia.com)

តាមរយៈប្រកាសខាងលើ ម្ចាស់ចំណែកឯកជននៃអគារសហកម្មសិទ្ធិ (អគារដែលសាងសង់រួចមុនថ្ងៃទី១៩ ខែធ្នូ ឆ្នាំ១៩៩៧) អាចដាក់ពាក្យស្នើសុំចុះបញ្ជីចំណែកឯកជននៃអគារសហកម្មសិទ្ធិរបស់ខ្លួនដោយត្រូវមានឯកសារ៣ (បី) សំខាន់ៗ រួមមាន៖

  • ពាក្យស្នើសុំចុះបញ្ជី ១ ច្បាប់
  • ឯកសារបញ្ជាក់អត្តសញ្ញាណសហកម្មសិទ្ធិករម្នាក់ៗ (ថតចម្លង) ២ច្បាប់
  • ឯកសារបញ្ជាក់ការកាន់កាប់ស្របច្បាប់លើអចលនវត្ថុ (ថតថម្លង) ប្រសិនបើមាន ២ច្បាប់។

តាមស្មារតីប្រការ៧ នៃប្រកាសខាងលើដដែល ការចុះបញ្ជីចំណែកឯកជននៃអគារសហកម្មសិទ្ធិនេះត្រូវបានអនុវត្តដូចនឹងការចុះបញ្ជីដីធ្លីផ្សេងទៀតផងដែរ ដែលរួមមានការចុះបញ្ជីមានលក្ខណៈជាប្រព័ន្ធ ការចុះបញ្ជីដាច់ដោយដុំ និងការចុះបញ្ជីបំពេញបន្ថែម ហើយប្លង់ដែលទទួលបានគឺ វិញ្ញាបនបត្រសម្គាល់ម្ចាស់ចំណែកឯកជននៃអគារសហកម្មសិទ្ធិ (ប្លង់រឹង)។ គួរកត់សម្គាល់ផងដែរថា ប្រកាសខាងលើពុំមានកំណត់អំពីសិទ្ធិរបស់ជនបរទេសក្នុងការក្លាយជាកម្មសិទ្ធិករនៃអគារសហកម្មសិទ្ធិដែលត្រូវបានសាងសង់រួចមុនថ្ងៃទី១៩ ខែធ្នូ ឆ្នាំ១៩៩៧ នោះទេ។

ការដាក់ចេញនូវប្រកាសនេះ នឹងចូលរួមជាកត្តាជំរុញដល់ប្រតិបត្តិការទិញ-លក់ចំណែកឯកជននៃអគារសហកម្មសិទ្ធិចាស់ៗ (ភូមិគ្រឹះ ពាក់កណ្តាលភូមិគ្រឹះ ផ្ទះល្វែង ដែលមានច្រើនល្វែង និងច្រើនជាន់ជាប់ៗគ្នា ខុនដូ ប្រភេទផ្ទះផ្សេងទៀតដែលមានរចនាសម្ព័ន្ធជាប់គ្នា) បង្ការវិវាទ ធានាសុវត្ថិភាពគតិយុត្ត និងបង្កើនភាពជឿជាក់ពីអ្នកទិញផងដែរ ដោយហេតុថា កម្មសិទ្ធិករនឹងទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់ចំណែកឯកជននៃអគារសហកម្មសិទ្ធិ (ប្លង់រឹង) បន្ទាប់ពីចុះបញ្ជីចំណែកឯកជននៃអគារសហកម្មសិទ្ធិនោះ។

Related Articles

Property Image

Phnom Penh’s Riverside Gets a Major Upgrade with Walking Street Launch

Phnom Penh’s Weekend Walking Street transforms the riverside into a lively pedestrian zone, boosting tourism, local businesses, and sustainability.

Property Image

New Property Tax Incentives Now in Effect for 2025

New property tax incentives in Cambodia offer stamp duty exemptions and deductions for home buyers in 2025, making homeownership more affordable.

WhatsApp
WhatsApp
Telegram
Telegram
Facebook
Facebook Messenger
Line
LINE
WeChat
WeChat: ipscambodiakh
Phone
Email
Chat Support
Location
Talk to us
🇬🇧
English
🇫🇷
Française
🇪🇸
Español
🇩🇪
Deutsch
🇯🇵
日本語
🇰🇷
한국인
🇨🇳
中國人
🇹🇭
ไทย
Change Language